តើគួរធ្វើដូចម្ដេចដើម្បីការប្រាស្រ័យទាក់ទងក្នុងគ្រួសារ រវាងឪពុកម្ដាយ និងកូនបានប្រសើរឡើង?

221

ស្ថានភាពបច្ចេកវិជ្ជាទំនើបបច្ចុប្បន្ននេះមានការវិឌ្ឍនជឿនលឿនខ្លាំងរហូតពេលខ្លះវាមិនគួរឲ្យជឿថាវាអាចកើតឡើងនិងធ្វើបាន។ ស្របពេលគ្នានេះដែរ ស្ថានភាពសង្គមគ្រួសារខ្លះហាក់បីដូចមិនទាន់ បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការរត់តាមបច្ចេវិជ្ជាដ៍ទំនើបនេះ។ ប្រឈមមុខនឹងទូរសព្ទទំនើប (ស្មាតហ្វូន ថេប្លេត អ៊ិនធឺណេត អ៊ីម៉ែល និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុក​។ល។) ទាំងអស់នេះជា កត្តាជំរុញឱ្យមានគម្លាតពីគ្នា។ មានការព្រួយបារម្ភអំពីបញ្ហាគម្លាតគ្នារវាងមនុស្សខុសជំនាន់គ្នាឪពុក​ម្តាយ​និង​កូន​ចាប់​កើតមាន​ឡើងធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាមាន ការលំបាក ហើយបង្កើតបានជាបញ្ហាទំនាស់ក្នុងគ្រួសារ។ នេះទាក់ទងទៅនឹងគំនិតរបស់ឪពុកម្តាយ​និងកូន​ផ្សេង​គ្នាហើយ​និង ដោយសារឥរិយាបថខុសគ្នា។

ក្មេងជំទង់ឈានចូលក្នុងភាពយុវវ័យជាមួយនឹងភាពសុទិដ្ឋិនិយម ការរំភើបលាយឡំនឹងការព្រួយបា​រម្ភ​។ យុវវ័យគឺជាពេលវេលាដែល ក្មេង ប្រុសនិងក្មេងស្រីចាប់ផ្តើមបង្កើតឯករាជ្យភាពកាន់តែច្រើនពី ឪពុកម្តាយ។ វាក៏ជាពេលដែលយុវវ័យចាប់ផ្តើមអភិវឌ្ឍអារម្មណ៍ នៃបុគ្គលលក្ខណៈផ្ទាល់ខ្លួនដែលនឹងជួយកំណត់អត្តសញ្ញាណជាមនុស្សពេញវ័យនាពេលអនាគត។

វាមិនមែនជាការងាយស្រួលសម្រាប់ឪពុកម្តាយ ឬក្មេងជំទង់ក្នុងការ ធ្វើដំណើរឆ្លងកាត់ដំណាក់កាលអន្តរកាលនេះដោយរលូនទេដែលជារឿយៗមានការកើនឡើងនៃភាពតានតឹងក្នុងការទំនាក់ទំនងគ្នា រវាងឪពុក ម្តាយនិងកូន។ យុវវ័យចង់បង្ហាញពីភាពឯករាជ្យពីឪពុកម្ដាយហើយធ្វើ ការសម្រេចចិត្ដដោយខ្លួនឯង។ យុវ័យដោយកម្រព្រមទទួលទទួលយក តម្រូវការណាដែលមានមនុស្សចាស់គ្រប់គ្រងណែនាំ និងការគាំទ្រ សម្រាប់ការផ្លាស់ប្តូរឈានចូលយុវភាពរបស់ខ្លួននោះ។

ឪពុកម្តាយខ្លះរកឃើញភាពងាយស្រួលក្នុងការរក្សាការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហជាមួយក្មេងជំទង់។ ក្មេងជំទង់យល់ឃើញថា​​​ស្ថេរភាពនៃឥទ្ធិពលវិជ្ជមានរបស់ឪពុកម្តាយបានផ្ដល់ឲ្យពួកគេហើយគេមានក៍អារម្មណ៍ថាគេទទួលបាននូវភាពឯករាជ្យ។ ការប្រាស្រ័យទាក់ទងនៅក្នុងគ្រួសារបែបនេះត្រូវបានកំណត់បានដោយមានការគោរពគ្នាទៅវិញទៅមក និងសមត្ថភាពក្នុងការផ្លាស់ប្តូរ អារម្មណ៍ និងគំនិតដោយសេរី។ ឪពុកម្តាយដែលយល់អំពីតម្រូវការ របស់យុវវ័យ សម្រាប់វិធានការឯករាជ្យភាពនិងមានការលើកទឹកចិត្ត ដល់ការរីកចម្រើននិងជោគជ័យរបស់កូនៗ។ ការចាប់អារម្មណ៍វិជ្ជមាននេះពង្រឹងចំណងនៃទំនាក់ទំនងរវាងឪពុកម្តាយនិងកូន។ នៅពេលយុវវ័យទទួលការយល់ព្រមពីឪពុក​ម្តាយ​និងជឿ ជាក់ថាឪពុកម្តាយគេពិតជាមានតម្លៃចំពោះសមិទ្ធផលរបស់ខ្លួនជួយលើកកម្ពស់គំនិតរបស់គេហើយបង្កើតនូវឆន្ទៈក្នុងការចែករំលែកព័ត៌មានផ្សេងទៀត។

គ្រួសារជាច្រើនមានការលំបាកក្នុងការបង្កើតនិងរក្សាការប្រាស្រ័យទាក់ទងដោយបើកចំហជាមួយកូនក្នុងអំឡុងពេលដែលកូនរបស់ផងខ្លួនឈានចូលវ័យជំទង់។ ឪពុកម្តាយខ្លះពិបាកទទួលយកពីការផ្លាស់ប្តូរ ដែលក្មេងជំទង់កំពុងតែកើតមានឡើង និងពិបាកក្នុងការយល់ស្រម តាមតម្រូវការគេដែលគេងាកចេញពីគ្រួសារ និងធ្វើការសម្រេចចិត្ត ដោយឯករាជ្យ។ ទន្ទឹមនឹងនេះក្មេងជំទង់ខ្លះផ្តោតការយកចិត្តទុកដាក់ខ្លួនឯងដូច្នេះពួកគេ មិនពេញចិត្តក្នុងការស្តាប់ និងទទួលយកការព្រួយបារម្ភដែលសមហេតុ សមផលណាមួយរបស់ឪពុកម្តាយ ហើយប្រឆាំងនឹងឱវាទរបស់ឪពុក ម្តាយ ទៀតផង។ នៅក្នុងកាលៈទេសៈទាំងនេះភាពទំនាស់ជាញឹក ញាប់អាច នឹងកើតឡើងនិងជីវិតគ្រួសារអាចក្លាយជាឧបសគ្គនិងជម្លោះ សម្រាប់មនុស្សគ្រប់គ្នាក្នុងគ្រួសារ។ ភាពតានតឹងនិងការរំខានប្រហែល ជាមិនអាចទ្រាំទ្របានហើយឪពុកម្តាយអាចត្រូវការជំនួយពីអ្នកជំនាញដើម្បីបង្កើតភាពសុខដុមរមនាឡើងវិញនៅក្នុងគ្រួសារ​។

ត្រូវមានការកំណត់គោលដៅរយៈពេលវែងដ៏ចម្បងមួយសម្រាប់ការជួយដល់ឪពុកម្តាយនិងយុវវ័យអ្នកដែលជួបការលំបាកក្នុងប្រាស្រ័យទាក់ទងគ្នា តាមរយៈនេះសមាជិកគ្រួសារអាចដោះស្រាយបញ្ហាទំនាស់ របស់ខ្លួននិងបង្កើតឱ្យមានការប្រាស្រ័យទាក់ទងគ្នាកាន់តែស៊ីសង្វាក់និងមានការពេញចិត្តជាងមុន។

បញ្ហានេះអាចដោះស្រាយបាន ប្រសិនបើឪពុកម្តាយ និងយុវវ័យអាច ទុករឿងការយល់ឃើញខុសគ្នាមួយអន្លើសិនដើម្បីចៀសវាងការឈ្លោះប្រកែកគ្នា ហើយរកឱកាសល្អដើម្បីចាប់ផ្ដើមស្វែងយល់កំណត់ អត្ត សញ្ញាណ បញ្ហាដែលនាំឱ្យមាន​ជម្លោះនិងការខ្វែងគំនិតគ្នា។ ស្វែងយល់ធាតុដើមនៃលក្ខណៈជម្លោះនិងកាលៈទេសៈដែលបណ្តាលឱ្យមានបញ្ហា រួមមានការដាក់បំរាមគោចរ ជម្រើសមិត្តភ័ក្ក ការងារនៅ ក្នុងផ្ទះ ឬការរៀននៅសាលារៀន។

ក្រោយពីស្វែងយល់ពីគ្នាទៅវិញទៅមក ទាំងឪពុកម្តាយនិងកូនគួរផ្ដល់ សម្បទានឲ្យគ្នាទៅវិញទៅមក។

ប្រសិនជាអាចធ្វើទៅបានជាការល្អប្រសិនបើមានអ្នកទីបីជួយសង្កេត មើល អាកប្បកិរិយារបស់ឪពុកម្តាយនិងយុវវ័យដើម្បីកំណត់បញ្ហាដែល នាំឲ្យមានការខ្វែងគំនិតគ្នា។ លើសពីនេះទៀតអ្នកទីបីគួរជួយរកមើល វិធីដែលពួកគេអាចដោះស្រាយបញ្ហាបាន និងការពារការរំខានដល់ជីវិត គ្រួសារទាំងមូល។

រៀបរៀងដោយ៖ សៀង ពៅ