តើហេតុអ្វីទើបចិត្ដមិនស្ងប់?

184

អ្វីដែលប៉ងប្រាថ្នា វាមិនកើតឡើង ហើយអ្វីទាំងឡាយដែលមិនប្រាថ្នាវាតែងតែ កើតឡើងជានិច្ច។

ក្នុងច្បាប់ល្បើកថ្មី របស់លោកភិរម្យ ង៉ុយ បានផ្ដាំទុកសម្រាប់មនុស្សជំនាន់ក្រោយថា៖

“កើតមកជាមនុស្ស       មួយព្រួយចង់រស់​​   មួយព្រួយចង់ល្អ ពីរនេះជាធំ               វានាំឲ្យក្រ             ចាំជាតំណ       តជាទំនុក។”

បើយើងឆ្លុះបញ្ចាំងតថភាពក្នុងសង្គមបច្ចុប្បន្នវិញ បញ្ហាដែលបានលើកក្នុង ច្បាប់ល្បើកថ្មីខាងលើរបស់ភិរម្យ ង៉ុយ មិនត្រូវទាំងស្រុងទេ ប៉ុន្តែវាអាចផ្ទុយ ដោយសារតែការខ្លាច និងព្រួយទាំងនេះហើយ បង្កើតឲ្យមានគម្លាតរវាង អ្នកមាននិងអ្នកក្រ។

ព្រួយចង់រស់?

ដើម្បីរស់បាន ១) ត្រួវមានម្ហូបអាហារ និងទឹកបរិភោគ  ២) ត្រូវមានថ្នាំសង្កូវ ឬប្រាក់សម្រាប់បង់ថ្លៃព្យាបាលពេលណាមានជំងឺ និង៣) ត្រូវមានជម្រក និង ការស្លៀកពាក់សមរម្យ។

ហេតុផលនេះហើយដែលធ្វើឲ្យមនុស្សខំសម្រាប់តម្រូវការ​រស់។ ដោយសារការព្រួយខ្លាចមិនរស់ គេខំប្រឹងរកប្រាក់មកគរទុករហូតដល់គេមិនអាច គណនាបាន ប៉ុន្ដែអ្នកខ្លះទៀតមិនអាច គេរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ ទាំងអ្នកមានទាំងអ្នកអត់ ពួកគេនឹងមិនអាចស្ងប់ចិត្តទេ ព្រោះគេគិតឃើញថាពួកគេ នៅមិនទាន់មានគ្រប់គ្រាប់សម្រាប់តម្រូវការរបស់ខ្លួន ដូច្នេះគេត្រូវធ្វើអ្វីៗទាំងអស់ ដើម្បីតែប្រាក់ៗ។ ព្រួយៗឥតល្ហែ។ អ្នកក្រអាចនិយាយថាចំនួនទឹកប្រាក់ត្រឹមណាគួរគ្រប់គ្រាន់ព្រោះវានឹងមិនអាចកើតឡើងសម្រាប់ពួកគេ ប៉ុន្តែអ្នកមាននៅមិនទាន់ដឹងប្រាកដថាពួកគេមានប៉ុន្មានទើបគ្រប់ គ្រាន់។

ព្រួយចង់ល្អ?

មនុស្សមួយចំនួនធំ បើទោះណាធម្មជាតិបង្កើតមកមានសារពាង្គកាយពេញលេញ ក៏ដោយ ក៏មិនដែលពេញចិត្តនឹងអ្វីដែលខ្លួនមាននោះទេ ភាគច្រើនសម្លឹងឃើញអ្នក ដទៃប្រសើរជាងខ្លួនជានិច្ច ហើយទាស់ក្នុងចិត្ត តូចចិត្តចង់ឲ្យមានការកែប្រែអ្វីៗ ដែលខ្លួនមិនពេញចិត្ត ខ្លះទាស់ចិត្តថាកើតមកជាស្រី ចង់ធ្វើជាប្រុសវិញទើបល្អ ខ្លះចង់ក្លាយខ្លួនជាស្រីវិញ ខ្លះចង់ស ខ្លះចង់ខ្មៅ ខ្លះចង់ខ្ពស់ ខ្លះចង់ទាប ខ្លះមុខត្រប៉ែត ចង់បានមុខមូល ឬមុខអក្ស “វី” ។ល។

ដូច្នេះព្រួយៗ ចិត្តមិនអាចស្ងប់បាន។

តើអ្នកគិតថាគួរធ្វើដូចម្ដេចទើបចិត្តស្ងប់ សុខស្រួល?

ដោយសៀង ពៅ