បុគ្គលិកវិស័យឯកជនអាចមានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ ក្រោយអនុវត្តច្បាប់របបសន្តិសុខសង្គម

301

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ច្បាប់របបសន្តិសុខសង្គម នឹងជួយឲ្យបុគ្គលិកវិស័យឯកជនមានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ បន្ទាប់ពីបានអនុវត្តការងារទៅតាមគោលការណ៍កំណត់នៃច្បាប់។


លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីជួយឲ្យបុគ្គលិកវិស័យឯកជនមានប្រាក់សោធននិវត្តន៍ដូចគ្នានឹងមន្រ្តីរាជការផងដែរ។

ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយដាក់បញ្ចូលពីរបបសោធននិវត្តន៍សម្រាប់បុគ្គលិក និងកម្មករក្នុងវិស័យឯកជននេះ ធ្វើឡើងបន្ទាប់ពីសម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចាប់ពីឆ្នាំ២០១៩ទៅ វិស័យឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្រ្តីរាជការដែរ ដោយម្ចាស់ក្រុមហ៊ុនឯកជនដែលជួលបុគ្គលិកបម្រើការងារជាអ្នកទទួលបន្ទុក។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ លោកជំទាវ ងួន សុខា បានបញ្ជាក់ថា នៅក្នុងរបបសោធននិវត្តន៍នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់ឲ្យអនុវត្តនូវរបបសោធននិវត្តន៍សម្រាប់វិស័យឯកជន និងការធ្វើកំណែទម្រង់របបសោធននិវត្តន៍មន្រ្តីរាជការដែលមានស្រាប់។ លោកជំទាវ បានបន្តថា សេចក្តីព្រាងច្បាប់ថ្មី បានកំណត់ថា មន្រ្តីរាជការដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ៦០ភាគរយ នៃប្រាក់បៀវត្សសរុប ដែលខុសពីបច្ចុប្បន្នមន្រ្តីរាជការចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍៨០ភាគរយនៃប្រាក់បៀវត្សមូលដ្ឋាន។

ឯកឧត្តម ឡេង ប៉េងឡុង បានគាំទ្រចំពោះគោលបំណងដែលចង់ឲ្យបុគ្គលិកវិស័យឯកជនមានប្រាក់សោធននិវត្តន៍ដូចជាមន្ត្រីរាជការផងដែរ។ ឯកឧត្តមសង្ឃឹមថា ច្បាប់ស្តីពីរបបសន្តិសុខសង្គម នឹងអាចអនុវត្តបានទាំងអស់គ្នា ខណៈប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ ដំឡើងប្រាក់បៀវត្ស និងការទទួលបានអត្ថប្រយោជន៍នានាជូនដល់មន្រ្តីរាជការ កម្មករ និយោជិក ដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។

យោងតាមសេចក្តីព្រាងច្បាប់នេះ បានកំណត់ផ្តល់នូវរបបសន្តិសុខសង្គមរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ និងឯកជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ជាដើម៕

ប្រភព៖ http://information.gov.kh