Samsung ត្រៀមខ្ទង់ ១៥០ លានដុល្លារ ទិញក្រុមហ៊ុនអ៊ីស្រាអែលមកជំនួយផ្នែកកាមេរ៉ាលើស្មាតហ្វូនជំនាន់ក្រោយ

161

Corephotonics ត្រូវបានស្គាល់ជាក្រុមហ៊ុនដែលជួយផ្គត់ផ្គង់បច្ចេកវិទ្យា 5X Zoom ឲ្យក្រុមហ៊ុនស្មាតហ្វូន Oppo ដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល។

ក្រៅពីកិច្ចសហការជាមួយក្រុមហ៊ុនចិន ក៏មានបណ្តាក្រុមហ៊ុនវិនិយោគទុនកំពូលៗរួមបញ្ចូលទាំង Samsung Ventures, MediaTek, SanDisk និង CK Telecom។

របាយការណ៍ចេញផ្សាយចុងក្រោយបង្អស់បានឲ្យដឹងថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung មានបំណងចង់ទិញផ្តាច់ក្រុមហ៊ុន Corephotonics។

ជាមួយកិច្ចសហការរវាងក្រុមហ៊ុនធំៗ ក៏ជំរុញឲ្យ Samsung មានបំណងហ៊ានចំណាយប្រមាណ ១៥០ ទៅ ១៦០ លានដុល្លារ ទិញយក Corephotonics មកអភិវឌ្ឍបច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់ ដែលអាចគាំទ្រដល់កម្រិត 25x zoom។

ប្រសិនកិច្ចព្រមព្រៀងទទួលបានផ្លែផ្កា ស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung នឹងវាយលុកទីផ្សារកាន់តែខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ា Zoom របស់ខ្លួន។

ក្នុងលក្ខខណ្ឌ Samsung ទិញបានក្រុមហ៊ុនខាងលើ ក៏នឹងបន្តទទួលយកពាក្យបណ្តឹងដែល Corephotonics បានប្តឹងទៅលើ Apple កាលពីឆ្នាំ ២០១៧ ជុំវិញការចោទប្រកាន់ក្រុមហ៊ុនយក្សអាមេរិកបានរំលងសិទ្ធប៉ាតង់ប្រើប្រាស់បច្ចេកវិទ្យានៅលើ iPhone7 Plus និង iPhone 8 Plus។