កាមេរ៉ា ៣ គ្រាប់​មាន​ប្រយោជន៍​ម្លឹងៗ ទើប iPhone ឆ្នាំ ២០១៩ ​លៃលក​ប្រើ​ជា​ចាំ​បាច់

228

ចចាមអារ៉ាម​ជា​ច្រើន​បាន​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០១៩ យ៉ាង​តិច​មាន iPhone មួយ​ម៉ូឌែល​នឹង​បំពាក់​កាមេរ៉ា​ ៣ គ្រាប់។ ក្រៅ​ពី​ជួយ​បង្កើន​គុណភាព​រូប វា​ក៏​ប្រមូល​ផ្តុំ​នូវ​អត្ថប្រយោជន៍​ ៥ ចំណុច​ធំៗ​ដែល​អ្នក​គួរ​ស្វែងយល់៖

១.ការ​ប្រើប្រាស់ Optical Zoom កាន់​តែ​ប្រសើរ:

មាន​ភាព​ខុស​ប្លែក​ពី​គ្នា​រវាង​ Optical Zoom និង​ Digital Zoom ប៉ុន្តែ​ជា​ទូទៅ​ពិត​ណាស់​ដែល Optical Zoom គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្ងាយ។ បច្ចុប្បន្ន​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​អនុញ្ញាត​ឲ្យ​គាំទ្រ​នូវ​កម្រិត 2x Optical Zoom ប៉ុន្តែ​ឆ្នាំ ២០១៩ ត្រូវ​បាន​រំពឹង​នឹង​ឡើង​ដល់ 3x ឬ​អាច​ដល់ 5x ស្រដៀង​នឹង Huawei P20 Pro ជា​កត្តា​ជំរុញ​ឲ្យ​កម្រិត​ចាប់​យក​រូបភាព​នៅ​ទី​ឆ្ងាយ​ច្បាស់​ម៉ត់​ល្អ ដោយ​ពុំ​បែក​គុណភាព។

២.ការ​ថត​នៅ​ទីតាំង​មាន​ពន្លឺ​ខ្សោយ​បាន​ល្អ:

ដើម្បី​ប្រជែង​នឹង​មុខងារ Night Sight នៅ​លើ​ស្មាតហ្វូន Google ក្រុមហ៊ុន​ Apple ក៏​នឹង​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​លើ​បច្ចេកវិទ្យា​ជំនួយ AI ទៅ​លើ​គ្រាប់​កាមេរ៉ា​ទី​បី​ដើម្បី​ពង្រឹង​ការ​ថត​នៅ​ទីតាំង​ងងឹត​អាច​ផ្តិត​ចេញ​រូបភាព​បាន​ល្អ​ជាង​ស្មាតហ្វូន​ដទៃ។

៣.ការ​ពង្រឹង​សមត្ថភាព​ AR:

គ្រាប់​កាមេរ៉ា​ទី​បី​ក៏​នឹង​ជំនួយ​ការ​ប្រើប្រាស់​មុខងារ AR កាន់​តែ​វិសេសវិសាល​ជាង​មុន ពោល​គឺ​ជា​ការ​អភិវឌ្ឍ​ជំនាន់​ថ្មី​នៃ​កម្មវិធី ARKit។ បច្ចុប្បន្ន​ Apple ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ដុតដៃដុតជើង​និង​ជំរុញ​ឥត​ឈប់ឈរ​លើ​សន្ទុះ​អភិវឌ្ឍ​មុខងារ AR មួយ​នេះ។

៤.ជម្រើស Sensor ថ្មី:

សព្វថ្ងៃ​កាមេរ៉ា​ពីរ​គ្រាប់​នៅ​លើ iPhone មួយ​ជា​ប្រភេទ​ Sensor ធម្មតា​និង​ទី​ពីរ​ជា Telescope sensor ដោយ​ឡែក​បើ​មាន​ការ​បន្ថែម​ដល់​គ្រាប់​ទី​បី​នោះ​នឹង​អាច​ជា​ប្រភេទ Wide-Angle អនុញ្ញាត​ឲ្យ​ការ​ផ្តិត​មើល​ទៅ​មាន​ភាព​ធំ​ទូលាយ​ជាង​មុន និង​ជា​ការ​ផ្តល់​ប្រយោជន៍​សម្រាប់ AR ដូច​គ្នា។

៥.គុណភាព​រូប​ប្រសើរ​ជាង​មុន:

គ្រប់​បណ្តា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ទាំង​អស់​តែង​រមែង​ចង់​ឲ្យ​គុណភាព​កាមេរ៉ា​លើ​ផលិតផល​ខ្លួន​មាន​ភាព​ល្អ​ដាច់​គេ បែប​នេះ​ការ​វិវត្ត​ទៅ​កាន់​ជំនាន់​កាមេរ៉ា​បី​គ្រាប់​គឺ​ពិត​ជា​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​យក្ស​អាមេរិក​កាន់​តែ​មាន​កម្រិត​ប្រកួតប្រជែង​ខ្ពស់​នៅ​លើ​ទីផ្សារ។ ដោយ​ហេតុ​ថា Sensor មាន​ច្រើន ក៏​អាច​ឲ្យ​កាមេរ៉ា​អាច​ចាប់​យក​ទិន្នន័យ​កម្រិត​ពណ៌​រូបភាព​ច្បាស់​ជាង​មុន​ផងដែរ។